ព័ត៌មាន​ / News


តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល បានរៀបចំពិធីចូលកាន់មុខតំណែងរបស់ ឯកឧត្តម ជីវ កេង ជាប្រធានតុលាការកំពូល

12 Oct 2023

នៅព្រឹក ថ្ងៃព្រហស្បតិ៍ ១៣រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ជាថ្ងៃប្រវត្តិសាស្ត្រ ដែល តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល បានរៀបចំពិធីចូលកាន់មុខតំណែងរបស់ ឯកឧត្តម ជីវ កេង ជាប្រធានតុលាការកំពូល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលត្រូវបានព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់តែងតាំង ជាប្រធានតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងយុត្តិធម៌, សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ។