Court History

ប្រវត្តិសង្ខេបនៃការបង្កើតតុលាការកំពូល និង មហាអយ្យការអមតុលាការកំពូល


ប្រទេសកម្ពុជាត្រូវបានធ្លាក់ចូលក្នុងគ្រោះមហន្តរាយដ៍ធំធេងនៅក្នុងរបបកម្ពុជាប្រជាធិប្បតេយ្យពីថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃ០៦ ខែ មករា ឆ្នាំ ១៩៧៩ ដែលប្រជាជនកម្ពុជា ស្គាល់ជាទូទៅថា “របបប៉ុលពត” ដែលក្នុងរយៈពេល ៣ ឆ្នាំ នៃរបបនេះ អ្វីៗត្រូវបានបំផ្លិចបំផ្លាញទាំងស្រុងក្នុងនោះ ប្រព័ន្ធតុលាការក៍ត្រូវបាន លុបបំបាត់ចោលទាំងស្រុងដែរ ។ 

ក្រោយរំដោះថ្ងៃទី ០៧ ខែ មករា ឆ្នាំ ១៩៧៩ កម្ពុជាបានចាប់ផ្តើមកសាងប្រទេសរបស់ខ្លួនពីបាតដៃទទេ ហើយនៅអំឡុងឆ្នាំ១៩៨២ ដែលប្រទេសកម្ពុជានាពេលនោះ មានឈ្មោះថា សាធារណរដ្ឋប្រជាមានិតកម្ពុជា បានសំរេចបង្កើតតុលាការប្រជាជនខេត្ត-ក្រុងដែលជាតុលាការមានតែមួយថ្នាក់ប៉ុណ្ណោះ ។ ចំពោះតុលាការកំពូល និង មហាអយ្យការអមតុលាការកំពូល ទើបតែត្រូវបានបង្កើតឡើងតាម ច្បាប់ស្តីពីការបង្កើតតុលាការប្រជាជនកំពូល និងមហាអយ្យការអមតុលាការប្រជាជនកំពូលដែល ត្រូវបានប្រកាសឲ្យប្រើតាមក្រឹត្យលេខ ២៨ក្រ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ១៩៨៥ ។ បន្ទាប់មកនៅឆ្នាំ ១៩៨៧ មានច្បាប់មួយទៀតពាក់ព័ន្ធនឹងតុលាការកំពូលនេះ គឺក្រឹត្យ-ច្បាប់លេខ ​៣៤ ក្រ.ច ស្តីពីការចាត់តាំង និងសកម្មភាពរបស់ តុលាការប្រជាជនកំពូល និងមហាអយ្យការអមតុលាការប្រជាជនកំពូល ។

នៅឆ្នាំ១៩៩៣ រដ្ឋកម្ពុជាបានបង្កើតច្បាប់ស្តីពីការចាត់តាំង និងសកម្មភាពរបស់សាលាជម្រះក្តីចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ១៩៩៣ ដែលចាប់តាំងពីពេលនោះមក រចនាសម្ព័ន្ធតុលាការ នៅកម្ពុជារួមមាន តុលាការខេត្ត-ក្រុង សាលាឧទ្ធរណ៍ និងតុលាការកំពូល ហើយរចនាសម្ព័ន្ធនេះនៅបន្តអត្ថិភាពរហូតដល់បច្ចុប្បន្ន ។

ចំពោះច្បាប់ទាំង ៣ ដែលពាក់ព័ន្ធនឹងតុលាការកំពូល និងមហាអយ្យការអមតុលាការកំពូលនេះមានមាត្រាមួយចំនួនធំ ត្រូវបាននីរាករណ៍ដោយច្បាប់ក្រោយៗផង និងដោយច្បាប់ផ្សេងៗផង ជាពិសេសគឺមាត្រាទាំងឡាយដែល ពាក់ព័ន្ធនឹងបញ្ហានីតិវិធី ដោយសារមានក្រមនីតិវិធីព្រហ្មទណ្ឌឆ្នាំ ២០០៧ និងក្រមនីតិវិធីរដ្ឋប្បវេណីឆ្នាំ ២០០៦ មកជំនួស  រីឯរចនាសម្ព័ន្ធការងារគឺរក្សាដដែល ដោយសារមិនទាន់មានលិខិតបទដ្ឋានគតិយុត្តិថ្មី ណាមកជំនួសនៅឡើយទេ ។

 

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានកំណត់អំពីអំណាចតុលាការ ដែលមានខ្លឹមសារដូចខាងក្រោម ៖

មាត្រា ១២៨ ថ្មី (មាត្រា ១០៩ ចាស់)

អំណាចតុលាការ ជាអំណាចឯករាជ្យ ។

អំណាចតុលាការ ធានារក្សាអនាគតិ និងការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ។

អំណាចតុលាការ គ្រប់ដណ្តប់ទៅលើរឿងក្តីទាំងអស់ រួមមានរឿងក្តីរដ្ឋបាលផង ។

អំណាចនេះ ត្រូវប្រគល់ឲ្យតុលាការកំពូល និងសាលាជម្រះក្តីគ្រប់ផ្នែក និងគ្រប់ជាន់ថ្នាក់ ។

មាត្រា ១២៩ ថ្មី (មាត្រា ១១០ ចាស់)

ការជម្រះក្តីយុត្តិធម៌ ត្រូវធ្វើក្នុងនាមប្រជាពលរាស្រ្តខ្មែរ តាមនីតិវិធី និងច្បាប់ជាធរមាន ។

មានតែចៅក្រមទេដែលមានសិទ្ធិជម្រះក្តី ។ ចៅក្រមត្រូវបំពេញភារកិច្ចនេះ​ដោយគោរពច្បាប់យ៉ាងម៉ឹងម៉ាត់ និងឲ្យអស់ពីដួងចិត្ត និងសម្បជញ្ញៈរបស់ខ្លួន ។

មាត្រា ១៣០ ថ្មី (មាត្រា ១១១ ចាស់)

គ្មានអង្គការណាមួយនៃអំណាចនីតិប្បញ្ញាត្តិ ឬនីតិប្រតិបត្តិអាចទទួលអំណាចតុលាការអ្វីបានឡើយ ។

មាត្រា ១៣១​ ថ្មី (មាត្រា ១១២ ចាស់)

មានតែអង្គការអយ្យការទេ ដែលមានសិទ្ធិធ្វើបណ្តឹងអាជ្ញា ។

មាត្រា ១៣២ ថ្មី (មាត្រា ១១៣ ចាស់)

ព្រះមហាក្សត្រទ្រង់ជាអ្នកធានាឯករាជ្យនៃអំណាចតុលាការ ។ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមជួយព្រះមហាក្សត្រក្នុងកិច្ចការនេះ ។

មាត្រា ១៣៣ ថ្មី (មាត្រា ១១៤ ចាស់)

ចៅក្រមមិនអាចត្រូវគេដកពីមុខងារបានទេ ។ ប៉ុន្តែឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រេចដាក់វិន័យលើចៅក្រមដែលបានប្រព្រឹត្តខុស ។

មាត្រា​ ១៣៤ ថ្មី (មាត្រា ១១៥ ចាស់)

ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នឹងត្រូវបង្កើតដោយច្បាប់រៀបចំអង្គការមួយ ដែលនឹងកំណត់សមាសភាព និងមុខងារ ។

ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ស្ថិតក្រោមព្រះរាជធិបតីភាពនៃព្រះមហាក្សត្រ   ។

  ព្រះមហាក្សត្រព្រះទ្រង់អាចចាត់តាំងព្រះរាជតំណាងម្នាក់របស់ព្រះអង្គឲ្យធ្វើជាអធិបតី នៃឧត្តមក្រុមប្រឹក្សានៃ អង្គចៅក្រមនេះ ។

ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម លើកសេចក្តីស្នើថ្វាយព្រះមហាក្សត្រអំពីការតែងតាំងចៅក្រម និងព្រះរាជអាជ្ញាអមសាលាជម្រះក្តីទាំងអស់ ។

ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក្នុងមុខការដាក់វិន័យចំពោះចៅក្រម និងព្រះរាជអាជ្ញាអមតុលាការកំពូលត្រូវប្រជុំអធិបតីភាពនៃប្រធានតុលាការកំពូល ឬអគ្គព្រះរាជអាជ្ញាអមតុលាការកំពូល អាស្រ័យដោយករណី ទាក់ទងនឹងចៅក្រម ឬព្រះរាជអាជ្ញា ។

មាត្រា ១៣៥ ថ្មី (មាត្រា ១១៦ ចាស់)

លក្ខនិ្តកៈនៃចៅក្រម និងព្រះរាជអាជ្ញា និងការរៀបចំអង្គការតុលាការ នឹងត្រូវកំណត់ក្នុងច្បាប់ដោយឡែកពីគ្នា ។

 

Hearing Schedule

April 2012
S M T W T F S
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 1 2 3 4 5
May 2012
S M T W T F S
29 30 1 2 3 4 5
6 7 8 9 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30 31 1 2

Visitors

 

free counters